Luke 15

រឿង​ចៀម​វង្វេង​

1ពេលនោះ​ពួក​អ្នកទារពន្ធដារនិង​ពួក​មនុស្សបាបទាំងអស់​បាន​ចូល​មក​ជិត​ដើម្បី​ស្ដាប់ព្រះអង្គ 2ប៉ុន្ដែទាំង​ពួក​អ្នកខាងគណៈផារិស៊ីនិង​ពួក​គ្រូវិន័យ​បាន​រអ៊ូរទាំថា៖ ​«អ្នក​នេះស្វាគមន៍​ពួក​មនុស្សបាបហើយបរិភោគជាមួយពួកគេទៀត​ផង» 3ប៉ុន្ដែព្រះអង្គ​មានបន្ទូលទៅពួកគេ​ជា​រឿងប្រៀបប្រដូចនេះថា 4«សន្មត​ថា​មាន​មនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយរយហើយ​ចៀម​មួយ​បាន​វង្វេង​ចេញ​ពីហ្វូង​តើ​គាត់​មិនទុក​ចៀម​កៅសិបប្រាំបួននៅវាលស្មៅរួចទៅតាមរក​ចៀម​មួយ​ដែល​បាន​វង្វេង​នោះ​ទាល់តែ​ឃើញទេ? 5ពេលរកឃើញ​ហើយ​គាត់​ក៏​លី​វា​លើស្មា​ទាំង​អរសប្បាយ 6កាលបាន​មកដល់ផ្ទះគាត់ក៏​ហៅ​មិត្តភក្តិនិងអ្នក​ជិត​ខាង​មក​ជុំគ្នា​ដោយ​ប្រាប់ពួកគេថា​សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំផងដ្បិត​ខ្ញុំ​បាន​រកឃើញចៀម​របស់​ខ្ញុំដែលវង្វេងនោះ​វិញ​ហើយ។ 7ខ្ញុំប្រាប់អ្នករាល់គ្នាថានៅស្ថានសួគ៌​នឹង​មានសេចក្ដីអរសប្បាយយ៉ាងនោះ​ដែរ​ចំពោះ​មនុស្ស​បាបម្នាក់​បាន​ប្រែចិត្ដ​ជា​ជាង​មនុស្ស​សុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការការប្រែចិត្ដ

រឿងប្រាក់ដែលបាត់

8​សន្មត​ថា​ស្ដ្រីម្នាក់មានកាក់ប្រាក់ដប់កាក់​ប៉ុន្ដែ​បើ​នាង​ធ្វើ​ឲ្យ​បាត់កាក់មួយ​តើ​នាង​មិនអុជចង្កៀងបោសផ្ទះហើយរកយ៉ាងល្អិតល្អន់​រហូត​ទាល់តែឃើញវិញទេ​ឬ? 9ពេលរកឃើញហើយ​នាង​ក៏ហៅមិត្តភក្តិនិងអ្នកជិតខាង​មក​ជុំគ្នាប្រាប់​ពួកគេ​ថា​សូម​អរសប្បាយ​ជាមួយ​ខ្ញុំ​ផង​ដ្បិត​ខ្ញុំ​រកឃើញកាក់ប្រាក់ដែល​ខ្ញុំ​បាន​បាត់នោះ​វិញ​ហើយ។ 10ខ្ញុំប្រាប់​អ្នករាល់គ្នាថា​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ក៏​មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះ​ដែរ​ចំពោះ​មនុស្ស​បាបម្នាក់​ដែល​បាន​ប្រែចិត្ដ»។

រឿងកូនប្រុសវង្វេង

11ព្រះអង្គ​មានបន្ទូលទៀតថា៖ ​«មាន​បុរសម្នាក់មានកូនប្រុសពីរនាក់ 12កូនប្អូន​បាន​និយាយទៅឪពុកថា​លោក​ឪពុកអើយ! ​សូម​ប្រគល់ទ្រព្យសម្បត្ដិ​ជា​ចំណែករបស់ខ្ញុំឲ្យ​មក​ខ្ញុំ​រួចឪពុក​ក៏​ចែកទ្រព្យសម្បត្ដិ​ឲ្យ​ពួកគេ 13ប៉ុន្មានថ្ងៃក្រោយមកកូនប្រុសប្អូន​បាន​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទាំងអស់​របស់​ខ្លួន​រួច​ធ្វើ​ដំណើរទៅស្រុកឆ្ងាយ។ ​នៅ​ទីនោះ​គាត់​បាន​ចាយបង្ហិនទ្រព្យសម្បត្ដិ​របស់​ខ្លួន​ដោយ​រស់នៅ​យ៉ាង​លេលា 14ពេលគាត់​ចាយ​ទ្រព្យសម្បត្ដិ​របស់​គាត់​អស់​ហើយក៏កើតមានគ្រោះ​អត់​ឃ្លានយ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំងស្រុកនោះហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត 15ដូច្នេះគាត់​ក៏ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុកម្នាក់​នៅ​ស្រុកនោះហើយ​អ្នក​នោះ​បាន​ចាត់គាត់ឲ្យទៅឃ្វាលជ្រូកនៅកសិដ្ឋាន​របស់​ខ្លួន 16គាត់ចង់ចំអែតពោះដោយ​ចំណី​ជ្រូកដែលជ្រូក​កំពុង​ស៊ី​ខ្លាំង​ណាស់ប៉ុន្ដែគ្មាន​អ្នក​ណា​ឲ្យ​អ្វី​ដល់​គាត់ឡើយ 17ពេលគាត់​ភ្ញាក់ខ្លួនក៏និយាយថាអ្នក​ស៊ី​ឈ្នួល​ទាំងឡាយរបស់ឪពុក​ខ្ញុំ​មាន​អាហារបរិបូរប៉ុន្ដែខ្ញុំ​វិញ​នៅ​ទីនេះឃ្លាន​ជិត​ស្លាប់​ហើយ 18ខ្ញុំនឹង​ក្រោកឡើង​ទៅ​ឪពុកខ្ញុំវិញហើយប្រាប់គាត់​ថា​លោក​ឪពុកអើយ! ​កូន​បាន​ធ្វើបាបទាស់នឹងស្ថានសួគ៌ហើយនឹង​លោក​ឪពុក 19កូនមិនស័ក្តិសម​នឹង​ហៅថា​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ​សូម​ឲ្យ​កូនធ្វើជាអ្នក​ស៊ី​ឈ្នួលម្នាក់​របស់​លោក​ឪពុកផង! 20រួចគាត់​ក៏​ក្រោកឡើង​ត្រលប់​ទៅ​ឪពុក​វិញ​កាល​គាត់នៅឆ្ងាយនៅឡើយ​នោះ​ឪពុក​របស់​គាត់​បាន​ឃើញគាត់​និង​មាន​ចិត្ដ​អាណិត​អាសូរ​ជា​ពន់ពេកក៏រត់ទៅឱបថើបគាត់ 21កូនប្រុសនោះប្រាប់​ទៅ​ឪពុកថា​លោក​ឪពុកអើយ! ​កូន​បាន​ធ្វើបាបទាស់នឹងស្ថានសួគ៌ហើយនឹង​លោក​ឪពុកកូនមិនស័ក្តិសម​នឹង​ហៅថាកូន​របស់​លោក​ឪពុក​ទៀត​ទេ 22ប៉ុន្ដែឪពុក​បាន​ប្រាប់ទៅ​ពួក​បាវបម្រើ​របស់​គាត់ថា​ចូរ​យកអាវដ៏​ល្អ​បំផុតមកបំពាក់​ឲ្យ​កូន​របស់​ខ្ញុំ​ជា​ប្រញាប់ទាំងបំពាក់ចិញ្ជៀនលើដៃនិង​ពាក់​ស្បែកជើង​ឲ្យ​ផង 23ហើយចូរ​យកកូនគោដែល​បាន​បំប៉នទុកមកកាប់រួច​ចូរ​យើង​បរិភោគ​ដោយ​អរ​សប្បាយចុះ 24ព្រោះកូនប្រុស​របស់​ខ្ញុំនេះបានស្លាប់ហើយប៉ុន្ដែរស់​ឡើង​វិញ​វា​បានវង្វេង​បាត់​ទៅប៉ុន្ដែរកឃើញ​វិញ។ ​រួចពួកគេក៏ចាប់ផ្ដើមអរសប្បាយ 25រីឯកូនប្រុសច្បង​របស់​គាត់​វិញ​នៅចម្ការពេល​គាត់​មក​ជិត​ដល់ផ្ទះ​គាត់​បាន​សូរតន្ដ្រីនិងការរាំរែក 26គាត់ក៏ហៅបាវបម្រើម្នាក់មកសួរថា​តើ​មាន​ហេតុ​ការណ៍​អ្វី? 27បាវបម្រើនោះប្រាប់គាត់ថា​ប្អូន​ប្រុស​របស់​លោកមក​វិញ​ហើយឪពុក​របស់​លោក​បាន​កាប់កូនគោដែល​បាន​បំប៉នទុកព្រោះ​គាត់​បាន​ទទួលកូន​មក​វិញដោយសុខសាន្ដ 28កូនប្រុសច្បងក៏ខឹងហើយមិនចង់ចូលក្នុងទេដូច្នេះឪពុក​របស់​គាត់​បាន​ចេញមកអង្វរគាត់ 29ប៉ុន្ដែគាត់​បាន​ឆ្លើយទៅឪពុកថាមើល៍​កូន​បាន​បម្រើ​លោក​ឪពុក​ជា​ច្រើនឆ្នាំហើយមិន​ដែល​មិនស្ដាប់បង្គាប់​លោក​ឪពុកទេប៉ុន្ដែ​លោក​ឪពុក​មិន​ដែល​ឲ្យកូន​ពពែ​មួយ​ដល់​ខ្ញុំដើម្បី​ឲ្យ​ខ្ញុំ​អរសប្បាយជាមួយមិត្តភក្តិ​របស់​ខ្ញុំទេ 30ប៉ុន្ដែនៅពេលកូន​របស់​លោក​ឪពុក​ម្នាក់​នេះដែល​ជា​អ្នកបំផ្លាញទ្រព្យសម្បត្ដិ​របស់​លោក​ឪពុកជាមួយស្ដ្រីពេស្យា​មក​ដល់​លោក​ឪពុក​ក៏​កាប់កូនគោដែលបំប៉នទុក​សម្រាប់​វា 31ឪពុកក៏ប្រាប់កូននោះ​វិញ​ថាកូនអើយ! ​កូនឯងនៅជាមួយឪពុកជានិច្ចហើយអ្វីៗ​ដែល​ជា​របស់​ឪពុកគឺ​ជា​របស់​កូនហើយ 32ដូច្នេះត្រូវតែអរសប្បាយនិង​មាន​អំណរឡើងព្រោះ​ប្អូន​ប្រុស​របស់​កូននេះបានស្លាប់ហើយតែរស់​ឡើង​វិញនិង​បាន​វង្វេង​បាត់​ទៅប៉ុន្ដែរកឃើញ​វិញ»។
Copyright information for KhmKCB